Wednesday, December 1, 2010

វិយោគកថា ចូលរួមរំលែកមរណទុក្ខ នៃប្រជាពលរដ្ឋខ្មែរ នៅស្ពានកោះពេជ្រ

ខ្ញុំព្រះករុណា សូមនមស្សការ ចំពោះគុណ បុណ្យ ព្រះរតនត្រ័យទាំងបី ដោយសេចក្តី គោរព។ ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ ដ៏ខ្ពង់ ខ្ពស់។ អាត្មាភាព សូមចំរើនពរសួរសុខទុក្ខ លោកស្រី មួរ សុខហួរ អ្នកតំណាងរាស្រ្ត មណ្ឌលកំពត នៃគណបក្ស សម រង្សី ព្រមទាំង លោក លោកស្រី ញាតិញោម ពុទ្ធបរិស័ទ និងភ្ញៀវកិត្តិយសទាំងអស់ ជាទី រាប់អាន។
ថ្ងៃនេះ គឺជាថ្ងៃមួយ ដែលព្រះសង្ឃនិងគណៈកម្មការ អាចារ្យវត្ត ព្រមទាំងពុទ្ធបរិស័ទ វត្តខេមររង្សី ទីក្រុង សាន់ហូស្សេ មានទុក្ខយ៉ាងក្រៀមក្រំ នៅពេលទទួលបានដំណឹងដ៏សែនរន្ធត់និងតក់ស្លុត ដោយឧបទ្ទវហេតុ ដែលកើតឡើង នៅស្ពានកោះពេជ្រ រាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ក្នុងពិធីបុណ្យអុំ ទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ ដែលបណ្តាលឳ្យប្រជាពរដ្ឋខ្មែរស្លូតត្រង់ស្លាប់ចំនួន៣៤៧នាក់និង
អ្នករងរបួស៣៩៥នាក់។
តាងនាមព្រះសង្ឃ និងគណៈកម្មការវត្ត ខេមររង្សី មានសេចក្តីសោកស្តាយ និងសង្វេគ អាណិត អាសូរយ៉ាងក្រៃលែង ចំពោះអ្នករងគ្រោះ នៃមហាសោដកនាកម្មនេះ ជាពិសេសក្រុមគ្រួសារនៃជនរងគ្រោះ ទាំងអស់ ដែលបានបាត់បង់ប្តី ប្រពន្ធ កូន ចៅ និងសាច់ញាតិផ្ទាល់ខ្លួន ក្នុងនោះក៏មានខ្មែរក្រោមមួយគ្រួសារ បានបាត់បង់ប្រពន្ធនិងកូនជាទីស្រឡាញ់ផងដែរ។ នេះហើយគឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់
ប្រទេសជាតិយើងដែលមិនធ្លាប់មានជាង៣០ឆ្នាំមក បន្ទាប់ពីរបបខ្មែរក្រហម។ ដូច្នេះទើបព្រះសង្ឃ និងគណៈ កម្មការ អាចារវត្តខេមររង្សី រៀបចំពិធីដារបង្សុកូល ដើម្បីឧទ្ទិសកុសលមហាកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធ នៃប្រជាពលរដ្ឋខ្មែរស្លាប់ទាំងអស់ ព្រមទាំងសូមបួងសួងសុំឳ្យអ្នករងរបួសឆាប់បានជាសះស្បើយ ដើម្បីត្រឡប់ ទៅកាន់ស្រុកកំណើត ជួបជុំក្រុមគ្រូសារវិញ។
ព្រះតេជគុណគ្រប់ព្រះអង្គ លោក លោកស្រី ជាទីគោរពរាប់អាន !
ក្នុងមួយជីវិតរបស់មនុស្សយើងរាល់គ្នា គ្មានទុក្ខសោកអ្វីធំធេង ជាងទុក្ខព្រាត់ប្រាស់ប្តី ប្រពន្ធ កូនចៅ និងញាតិមិត្រជាទីស្រឡាញ់ឡើយ ការព្រាត់នេះគឺព្រាត់ជារៀលរហូតមិនអាចត្រឡប់វិញបាន។ ហេតុអ្វីទៅ បានជាប្រជាពលរដ្ឋខ្មែរ តែងតែរងគ្រោះមិនចេះចប់ មិនចេះហើយ ឆ្លងផុតពីជនបរទេសឈ្លានពានដល់ របបប្រល័យពូជសាសន៍ រហូតមកដល់ពេលនេះ ខ្មែរនូវជួបសោដកនាកម្មដ៏សែនរន្ធត់ជាប្រវត្តិសាស្រ្តទៀត?។
ព្រះសម្មាសម្ពុទ្ធ ព្រះអង្គបានសំដែងមកថា ជីវិតមនុស្សសត្វគ្រប់រូប រត់មិនរួច គេចមិនផុតពីត្រៃលក្ខណ៍ ទាំងបីឡើយគឺ អនិច្ចំ ទុក្ខំ អនត្តា ធម៌ទាំងបីប្រការនេះបានចារជាប់នឹងរូបរាងកាយរបស់យើងរាល់គ្នាជានិច្ច។ ដូច្នេះប្រសិនបើបុគ្គលណាម្នាក់, ក្រុមគ្រួសារណាមួយ ឬប្រទេសជាតិ មានទុក្ខភ័យអ្វីមួយកើតឡើង យើងទាំង អស់គ្នាត្រូវតែរួបរួមកម្លាំងសាមគ្គីប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ក្នុងការចូលរួមរំលែកនូវសេចក្តី ទុក្ខសោកនេះ ទាំងកំលាំងកាយ ចិត្ត និងធនធានជាដើម។ ដោយឡែកព្រះសង្ឃនិងគណៈកម្មការ វត្ត ខេមររង្សី មិនដែលឃ្លាតឆ្ងាយពីសង្គមខ្មែរយើងម្តងណាឡើយ តែងតែចូលរួមយ៉ាងសកម្ម ដើម្បីរួមចំណែក កសាងនិង រំលែកសេចក្តីទុក្ខសោកដល់បងប្អូនខ្មែរយើងនៅគ្រប់ទិសទីទាំងអស់ មិនថាខ្មែរក្រោម ខ្មែរលើ ខ្មែរ កណ្តាល នោះឡើយ។ សោកនាដកម្មដែលនាំឱ្យមានការព្រាត់ប្រាស់ភ្លាមៗ នឹកគិតមិនដល់ដ៏អាណោចអាធ័មនេះ ធ្វើឱ្យនឹក ឃើញដល់ពាក្យរំលឹកថា យើងទាំងអស់គ្នាគួរតែខំព្យាយាមធ្វើនូវសេចក្តីល្អរវាងគ្នា នឹងគ្នា ឱ្យបានខ្ជាប់ខ្ជួនបំផុត ទាំងផ្លូវ កាយ វាចា ចិត្ត ព្រោះថា ជារៀងរាល់ពេលដែលយើងលាអ្នកណាម្នាក់ យើងមិនប្រាកដជាបានជួបអ្នកនោះទៀត វិញដែរឬទេ។
ជាទីអវសាននេះ តាងនាមតំណាងឱ្យព្រះសង្ឃនិងគណៈកម្មការវត្តខេមររង្សី ទីក្រុងសាន់ហូរស្សេ សូម ចូល រួមរំលែកមរណៈទុក្ខជាមួយនឹងក្រុមគ្រួសារនៃសព និងសូមបួងសួងដល់វិញ្ញាណក្ខ័ន្ធ ប្រជាពលរដ្ឋខ្មែរ ស្លាប់ទាំងអស់ ឲ្យបានទៅចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ធ្វើនៅវត្តខេមររង្សី ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១០
តំណាងព្រះសង្ឃនិងគណៈកម្មការវត្ត
ព្រះភិក្ខុ សឺង យ៉ឺង រតនា

0 comments:

Post a Comment